យ័នធំៗ ជួយមិនឈ្នះ! យានយន្ត ចំនួន១១គ្រឿង ត្រូវបានពិន័យទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ
កណ្តាល / ត្បូងឃ្មុំ ៖ នៅថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រយ៍នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ថ្នាក់ដឹកនាំទទួលបន្ទុក និងសមាជិកក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ចំនួន២ទីតាំង ស្ថិតនៅផ្លូវជាតិលេខ៦ គ.ម លេខ៣៩ ស្រុកមុខកំពូល ខេត្តកណ្តាល និងស្ថិតនៅផ្លូវជាតិលេខ១១ គ.មលេខ៨១ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ។
ក្នុងប្រតិបត្តិការទាំង២ទីតាំងខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្ត ដោយទទួលបានលទ្ធផលដូចខាងក្រោម៖ ទីតាំងទី១-ត្រួតពិនិត្យយានយន្តចំនួន៤គ្រឿង ផ្ទុកលើសទាំង៤ គ្រឿង មានបំពាក់ឡូហ្គោ KH, PN ផ្ទុកទម្ងន់ចន្លោះពី៤៩តោនដល់៥៥តោន លើសទម្ងន់អនុញ្ញាតចន្លោះពី១៩តោនដល់២៥តោន។
ទីតាំងទី២-ត្រួតពិនិត្យយានយន្តចំនួន៧គ្រឿង ផ្ទុកលើសទាំង៧គ្រឿង មានបំពាក់ឡូហ្គោ T,SSP ផ្ទុកទម្ងន់ចន្លោះពី២៩តោនដល់៥៧តោន លើសទម្ងន់អនុញ្ញាតចន្លោះពី៩តោនដល់២៧តោន។ សរុបទាំង២ទីតាំងនេះ បានពិន័យយានយន្តផ្ទុកលើសទម្ងន់អនុញ្ញាតសរុបចំនួន១១គឿង ស្មើនឹង២០៥តោន ទាំងផ្ទុកលើសទម្ងន់សរុប និងផ្ទុកលើសទម្ងន់នៃភ្លៅនីមួយៗ។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការផាកពិន័យទាំងទម្ងន់សរុប ទាំងភ្លៅរបស់យានយន្ត ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋខាតបង់ថវិកា ពេលវេលា ដែលប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់ប្រចាំថ្ងៃ។
ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាមច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងមិនឱ្យខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែបន្តយុទ្ធនាការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែងឡើយ៕